Podcast 1. Guiding a transition to democracy: mission impossible?

In this podcast episode (in Khmer), we dive deep into the archives of the United Nations Transitional Authority in Cambodia and its UNTAC Radio with selected key events on the promises and the challenges from the signing of the Paris Peace Agreement on October 23, 1991 to the UNTAC supervised general election in May 1993 and beyond. The episode reflects on the challenges of disarming four well-equipped conflicting military factions, combatting ethnic hate speech and responding to violence against ethnic Vietnamese, the return of Cambodian refugees, the pre-election inflammatory political rhetoric, and failed attempts at secession by CPP officials after electoral defeats.

ពន្លឺនៃ​សន្ដិភាព​បាន​ចែង​ចាំង​សាជា​ថ្មី​នៅ​ចុង​ម្ខាង​នៃ​រូងភ្នំ បន្ទាប់​ពី​កម្ពុជា​បាន​អូស​ជើង​ក្នុង​ទីងងឹត​អស់​រយៈ​កាល​ជា​យូរ​។ វិនាសកម្ម​សង្រ្គាម​ ជម្លោះ​ហិង្សា​បង្ក​ដោយ​មនោគនវិជ្ជា​ ការនិរាសព្រាត់​ប្រាស នៅទីបំផុត​ទៅ​អាច​ឃើញ​ការបញ្ចប់​ជាបណ្ដើរៗ​នាខែ​តុលា ឆ្នាំ១៩៩១។

ជម្រាប​សួរ​ប្រិយមិត្ត​

សូម​ស្វាគមន៍​មក​កាន់​គម្រោង​សោតទស្សន៍រំលឹកខួប​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​១៩៩១ ២០២១ ដែល​នាំ​មក​ជូន​លោកអ្នក​នាង​ដោយ​វេទិកាអនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ តាំង​ទី​នៅ​ក្រុង​ភ្នំពេញ។​

ក្នុង​ឯកសារជាសំឡេង​នេះ យើង​នឹង​នាំ​លោកអ្នក​នាង​ទៅ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សន្ដិភាព​ និង​ក្ដី​សង្ឃឹម​អំពី​អនាគត​ប្រជាធិបតេយ្យ​ ដែល​ស្រមើលស្រមៃ​ដោយ​ប្រទេស​ដ៏កម្សត់​មួយ​ និង​ដំនើរ​ដ៏​រង្គោះរង្គើ​ឈានទៅ​រក​ការបោះ​ឆ្នោត​ដោយ​សេរីនិងយុត្តិធម៌​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នា​ឆ្នាំ​១៩៩៣។​

មាន​បណ្ដា​ព្រឹត្តិការណ៍​ជា​ច្រើន​ ដែល​ត្រូវ​បានផ្គូផ្គង​ថា​ជា​និម្មិតរូប​រួម​នៃ​ការ​បិទបញ្ចប់​សង្រ្គាម​ត្រជាក់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩។ ការដួល​រលំ​នៃ​កំពែង​ប៊ែរឡាំង​ ដែលឈាន​ទៅដល់​ការ​រួបរួម​នៃ​រដ្ឋ​អាឡឺម៉ង់ទាំងពីរ​ ការកកើត​រដ្ឋ​ថ្មីៗ​នៅ​អឺរ៉ុបខាងកើត​ សហភាពសូវៀត​ក្លាយ​ជា​សហព័ន្ធ​រុស្ស៊ី​ ហើយ​ឡេនីន​ក្រាដក្លាយ​ជា​សេនភីតធ័រ​ស្បឹក ជាដើម។​

ប៉ុន្តែពឹ្រត្តិការណ៍មួយដ៏សំខាន់​មួយទៀត​ គឺគូ​ភាគី​ជម្លោះ​ទាំង​បួន​នៅ​កម្ពុជា​ រួម​មាន​របប​រដ្ឋ​កម្ពុជា​ រណសិរ្សហ៊ុនស៊ីនប៉ិច​ ក្រុមខ្មែរ​ក្រហម​ និងរណសិរ្សសេរីនិយម​ព្រះពុទ្ធ​សាសនា និង​ក៏ដូច​ជា​ភាគី​រដ្ឋបរទេស​ដែលគាំទ្រ​ពួក​គេ​ម្ខាង​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​ ដើម្បី​ចុះ​ហត្ថលេខាឈាន​ទៅ​បិទ​បញ្ចប់​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏ហិង្សា​បំផុត​ ក្នុង​ការចងចាំ​របស់​មនុស្ស​ជាតិ។​

ការណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃពុធ​ ទី​២៣ ខែ​តុលា​ ឆ្នាំ​១៩៩១។ កិច្ចព្រមព្រៀង​ពហុភាគីជម្លោះ​កម្ពុជា​និង​ពហុសាសន៍​ដែល​មានវិវាទនឹងគ្នា​ក្នុង​សង្រ្គាម​ត្រជាក់​នោះ​ បាន​គូស​បញ្ជាក់​អំពី​ការ​ឈប់បាញ់​បោះ​ ការ​បើក​ផ្លូវ​ឲ្យ​អង្គការ​សហប្រជាជាតិ​បង្កើត​នូវ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​នៅ​កម្ពុជា​ UNTAC និង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​មួយ​ទំនើប​ ក្នុង​ប្រទេស​តតិយ​លោក​មួយ​នេះ។​

ការបង្កើត​ឲ្យ​បាន​នូវ​ការបោះ​ឆ្នោត​ជា​ប្រការ​សំខាន់​នាគ្រា​នោះ ហើយ​ក៏ជា​ភារកិច្ច​មួយ​ដ៏​លំបាក​លំបិន​សម្រាប់​អ៊ុនតាក់​ ដែល​ត្រូវ​សម្រុះសម្រួល​យកភាគី​ទាំង​៤ដែល​កំពុង​ច្បាំង​គ្នា​ ហើយ​ទម្លាក់អាវុធ​ ចាប់​យក​ឧបករណ៍​ឧគ្ឃោសនស័ព្ទ​ស្រែក​សុំ​សន្លឹក​ឆ្នោត​ និង​ការគាំទ្រ​ពីរាស្ត្រ​ ដែល​នឹង​ត្រូវ​សម្រេច​ជោគវាសនា​អ្នក​នយោបាយ​ទាំង​នោះ​ ដោយ​ប្រើ​ចុង​ប៊ិច​គូសលើ​សន្លឹក​ឆ្នោត​ ដោយ​សម្ងាត់​ក្នុង​បន្ទាប់​សម្ងាត់​។​

ក្នុង​ចន្លោះ​ពេល​ពីការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ មកទល់​នឹងការ​បោះឆ្នោត​ខែ​ឧសភា​ឆ្នាំ​១៩៩៣ បេសកម្មរបស់​អ៊ុនតាក់​ដែល​ចាយ​ប្រាក់​១រយលាន​ដុល្លារ​អាមេរិកក្នុង​មួយ​ខែៗ​ មិន​បាន​ប្រព្រឹត្ត​ដោយ​រលូន​ដូចការ​គ្រោង​ទុក​នោះ​ទេ។​

ភាគីខ្មែរ​ក្រហម​ ដែល​ជា​ហត្ថលេខីមួយ​ផង​ដែរ​ និង​ដែល​បន្ត​មានអង្គការចាត់តាំង​នយោបាយ​យោធារឹងមាំ​តាម​តំបន់​នានា​ពាសពេញ​ផ្ទៃ​ប្រទេស​ បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​ឆ្នោត​ ដែល​បង្ក​ជា​ហានិភ័យ​សន្តិសុខ​ដ៏សម្បើម​សម្រាប់​បេសកម្មរបស់​អ៊ុនតាក់​ ក្នុង​ការសម្រេចគោលដៅ​ក្នុង​អណ្ណត្តិ​របស់​ខ្លួន។​

តូ​នាទី​ចម្បង​ៗផ្សេង​ទៀត​របស់​ស្ថាប័ន​អន្តរជាតិ​បណ្ដោះ​អាសន្ន​នេះ​នាគ្រានោះ​ ត្រូវ​បាន​រំលេច​ឡើង​ក្នុង​បណ្ណាសាររបស់​អ៊ុនតាក់​និង​វិទ្យុអ៊ុនតាក់​ ដែល​ត្រូវ​បាន​ចែក​រំលែក​មក​ឲ្យ​វេទិកាអនាគត​នាពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​តួនាទី​ដ៏ចម្បង​ ក្នុង​ការចាត់​ចែង​រៀប​ចំធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ពលរដ្ឋកម្ពុជា​ភៀសសឹក​៣៧ម៉ឺននាក់​ ពី​បណ្ដាជំរុំ​ជនភៀសខ្លួន​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា​ ឲ្យ​ត្រលប់​មក​ក្នុង​ប្រទេស​វិញ​ ដើម្បី​ធ្វើ​សមាហរណកម្មរួម​រស់​ចូលរួម​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​មួយ​ ដែល​មាន​តែ​ក្ដីសង្ឃឹម​ តែ​អនាគត​ស្រពេចស្រពិល។​

ល្ខោននិយាយ​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​១៩៩៣ បាន​រំលេច​អំពីការ​សន្ទនា​ក្នុង​គ្រួសារ​ដែលមាន​បុរស​ចំណាស់​ម្នាក់​ជា​ឪពុកមា​ ស្រ្តី​ចំណាស់​ម្នាក់​ជា​ម្ដាយមីង​ និង​មាន​បុរស​វ័យ​ក្មេង​ម្នាក់​ជា​ក្មួយ​។ បុរស​ចំណាស់​ជាពូ​នោះ​បាន​បន្លឺ​សំឡេង​ពន្យល់​ក្មួយ​ប្រុស​អំពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​ថា៖ “ពូយល់​ឃើញ​ដូច​ក្មួយ​ឯង​អ៊ីចឹង​។​​ ពូមិន​ចង់​ធ្វើ​ជា​ឥស្សរជន​ស្អី​នោះ​ទេ​។ តែ​ពូ​ចង់​បាន​តែ​សិទ្ធិ​សេរីភាព​របស់​ពូ​ប៉ុណ្ណោះ​។ ពូចង់​មាន​សិទ្ធិ​និយាយ​ស្ដី​។​ ពូ​ចង់​មាន​សិទ្ធិ​អាច​ជ្រើសរើស​បក្ស​ណា​ដែល​ពូ​ជឿទុកចិត្ត​ ថា​អាច​ដឹក​នាំ​ប្រទេស​កម្ពុជា​បាន​ និង​ដឹក​នាំ​ធ្វើ​ឲ្យ​ជីវិត​ពូ​ ក៏ដូចជា​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​បាន​សប្បាយ​ មានភាព​ប្រសើរ​ជាង​សព្វថ្ងៃ​នេះ​ណា”។

ក្នុង​ល្ខោន​និយាយ​មួយ​ផ្សេង​ទៀត​ចាក់​ផ្សាយ​ថ្ងៃ​ទី​១៩​មេសា​ឆ្នាំ​១៩៩៣ដដែល​ តួ​ឯកស្រីនោះ​បាន​និយាយ​ថានាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូល​ជា​សមាជិក​បក្សនយោបាយ​មួយ​ ហើយ​មាន​ភាព​ភ័យខ្លាច​មិន​ដឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​? តួប្រុស​ក្នុងរឿង​នោះ​ក៏​បាន​អន្តរាគមន៍​ដោយ​ផ្ដល់​ឳវាទ​ថា៖ “ប្រសិន​បើ​ក្មួយ​ឯង​ខ្លាចអ្នក​ទាំង​នោះ​ នោះ​ជាមូលហេតុ​មួយ​ដ៏​ល្អ​ណាស់​សម្រាប់​ក្មួយ​ឯង​ កុំ​បោះ​ឲ្យ​ពួកគេនោះ​ណា… ព្រោះ​ថា​ប្រសិនបើ​ក្មួយឯង​បោះ​ឲ្យ​គណបក្ស​ណាមួយ​ ដែល​ក្មួយឯង​ខ្លាច​ នោះ​បាន​ន័យ​ថា ក្មួយ​ឯង​នឹង​ធ្វើ​ឲ្យ​ពួកគេ​នោះ​ រឹតតែ​មានអំណាច​ច្រើន​ថែម​ទៀត​ជា​មិនខាន … តចឹង​ ចូរកុំ​បោះ​ឲ្យ​ពួកគេ​នោះ​ទៅ។ ពេល​បោះ​ឆ្នោត​គឺ​ជាឳកាស​សម្រាប់​ឯង​ ដើម្បី​គេច​ឲ្យផុត​ពី​ពពួក​ជន​ដែល​ក្មួយឯង​ខ្លាច​នោះ​ហើយ​ណា​”។​

អំពើហិង្សា​នយោបាយ​បាន​កើត​មាន​ជា​ហូរហែរ​នៅ​មុន​ការ​បោះ​ឆ្នោត​ ហើយ​បើ​គេគ្រាន់​តែ​យក​ថ្ងៃ​ទី​១៨ខែ​ឧសភា​ឆ្នាំ​១៩៩៣ ជា​ករណីសិក្សា​បង្ហាញ​ គេ​បាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​នូវ​ជម្រៅ​នៃ​អំពើហិង្សា​ទាំង​នោះ។​

ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​១៩៩៣ ដំណឹង​តាមវិទ្យុ​អ៊ុនតាក់​ បាន​រាយការណ៍​អំពី​សភាពការណ៍​ហិង្សា​នយោបាយ​ដ៏គួរ​ឲ្យ​ព្រឺព្រួច​ព្រួយបារម្ភ រួមមាន​ ការគ្រវែង​គ្រាប់​បែកមួយ​គ្រាប់​ចូល​ទីស្នាក់ការ​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​ភូមិ​ជាយ​ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ របូស​មនុស្ស​១៣​នាក់។ ការ​ធ្វើ​ឃាដលើ​សមាជិក​​ហ្វ៊ុនស៊ិនប៉ិច លោក​សុខនូច​​ នៅ​ស្រុកមោង​ឬស្សី​ ខេត្ត​បាត់​ដំបង​ពី​សំណាក់​ជនសង្ស័យ​ដែល​ពាក់​ឯកសណ្ឋាន​កងទ័ព​រដ្ឋ​កម្ពុជា​ ដោយ​បាញ់​គ្រាប់​រុក្កែត​បេ៤០​ចូល​ផ្ទះ​សកម្មជននយោបាយ​បក្សរាជានិយម​មួយ​នេះ មុន​នឹង​ចូលទៅ​បាញ់​សម្លាប់​បង្ហើយដល់​ក្នុង​ផ្ទះ។​

វិទ្យុអ៊ុនតាក់​បាន​ផ្សាយកាលពី​ថ្ងៃ​ទី២០និងទី​២១​ខែ​ឧសភា​ឆ្នាំ​១៩៩៣ ក្នុង​អត្ថន័យ​ដើម​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា៖

“សភាព​ការណ៍​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពស្ងប់ស្ងាត់​ ជាទូទៅ​ ក៏​ប៉ុន្តែ​នៅ​មានភាព​តានតឹង​ខ្លះៗ។ កាល​ពីព្រឹក​ថ្ងៃពុធ​កន្លង​មក​នេះ​ រថយន្ត​មួយ​គ្រឿង​របស់​អង្គការស្រាវជ្រាវ​ពូជស្រូវ​អន្តរជាតិ​ ដែល​មាន​ជន​ជាតិ​ខ្មែរ​បី​រូប​ជា​សមាជិក​អង្គការ​នេះ​ជិះ​ក្នុង​នោះ​ បាន​ត្រូវ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ ស្នាក់​បាញ់​នៅ​ក្នុង​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ តាម​ផ្លូវ​ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ចាម​។ ឧប្បត្តិហេតុនេះ​បានកើ​តឡើង​នៅ​ខាង​កើត​កំពង់​ចម្លង​ព្រែក​ក្ដាម​។ ជន​វាយ​ប្រហារ​ទាំង​នោះ​បានបាញ់​រះ​ទៅ​លើ​រថយន្ត​នោះ។ សមាជិក​ម្នាក់​ត្រូវ​ស្លាប់​ដោយ​មក​ពី​ត្រូវ​របួស​ត្រង់​ពោះ​ ហើយ​ពីរនាក់​ទៀត​ត្រូវ​របួស​ស្រាល​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ វេលារំលង​អាធ្រាត​បន្តិច​ មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​គេ​ជឿជាក់​ថា​ជា​សមាជិករបស់​កង​ទ័ព​នៃ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​បាន​ចាប់​ផ្ដើម​បាញ់​ផ្លោង​ទៅ​លើកងឯកភាព​មួយ​កង​របស់​កង​ទ័ព​នៃ​ភាគីរដ្ឋ​កម្ពុជា​ នៅភាគខាង​ត្បូង​ភូមិ​ស្ទោង​ ក្នុង​ខេត្ត​កំពង់ធំ​ ចម្ងាយ​៤០គីឡូ​ម៉ែត្រ​ ភាគពាយ័ព្យ​នៃ​ទី​រួមខេត្ត​។ ប្រហែល​វេលាម៉ោង​ពីររំលង​អាធ្រាត្រ​ ពួកគេ​បាន​បាញ់​ប្រហារ​ទៅលើ​ភូមិ​នេះ​ ដោយ​ប្រើ​កាំភ្លើង​ត្បាល់​ហើយ​និង​អាវុធធុនតូច។​ ហើយ​ការ​វាយ​ប្រហារ​នេះ​ ត្រូវ​ទទួល​ការ​វាយ​តបវិញយ៉ាង​ខ្លាំង​ក្លា​ពីកង​ទ័ព​នៃ​ភាគី​រដ្ឋកម្ពុជា​។ កង​រក្សា​សន្តិភាពឥណ្ឌូនេស៊ី​មួយ​ក្រុម​ត្រូវ​បាន​បញ្ជូន​តាមរថពាសដែក​មួយគ្រឿង​ ដើម្បី​ជម្លៀស​អ្នក​សង្កេតការណ៍​យោធា​៤នាក់​ ហើយ​និង​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​៣នាក់​ទៀត​ ដែល​មាន​មូលដ្ឋាន​នៅ​ស្រុងស្ទោង។​ នៅ​វេលា​ប្រហែល​ម៉ោង​៥ព្រឹក​ សមាជិកអ៊ុនតាក់​ទាំង​អស់​ត្រូវ​បាន​ជន្លៀស​ទៅ​ដាក់​ក្នុង​ទីតាំង​របស់​កង​វរសេនាតូច​ឥណ្ឌូនេស៊ី​នៅ​ក្បែរ​នោះ​”។

ជន​ភៀស​សឹក​កម្ពុជា​ជិត​៤សែននាក់​ បាន​វិល​ត្រលប់​ចូលមក​ក្នុង​ប្រទេស​វិញ ដែល​មាតុភូមិ​និវត្តន៍​លើក​នេះ​ ពួកគេ​ហាក់​បី​ដូច​ជា​ជនបរទេស​ចំណូលថ្មី​លើទឹកដី​កំណើត​ខ្លូនឯង​ ជាមួយ​នឹង​កង្វះ​ខាត​ផ្នែក​ជីវភាព​ និង​ការ​ទម្លាប់ខ្លួន​រស់​នៅ​អាស្រ័យ​នឹង​ការ​ទំនុកបម្រុង​សព្វ​គ្រប់​បែប​យ៉ាង​របស់​អង្គការ​សហប្រជាជាតិ​នៅឯជំរុំ។​

នាថ្ងៃទី​២៦​ខែ​មីនា​ឆ្នាំ១៩៩៣ វិទ្យុអ៊ុនតាក់​​ បាន​ចាក់ផ្សាយ​នូវ​បទ​សម្ភាសជាមួយ​អ្នក​វិល​ត្រលប់​មក​ពី​ជំរុំ​សាយធូ​ចំនួន​៣រូប​ ចូល​ទៅ​រស់​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល ដែល​បាន​រអ៊ូ​រទាំអំពីជីវភាព​យ៉ាប់យ៉ឺន​ ក្រោយ​មាតុភូមិ​និវត្តន៍។

ម្នាក់​នៃពួកគេទាំង​៣​គឺ​ អ្នក​ស្រី​ ម៉ឹង យៀន​ អាយុ​៣៧ឆ្នាំ​ត្រឹម​ឆ្នាំ​១៩៩៣ បាន​សម្ដែង​ក្ដី​រីករាយ​នៃ​ការជួបជុំ​មិត្តភ័ក្តិ​បងប្អូន​ឪពុកម្ដាយ​នៅ​ឃុំ​រកាខ្ពស់​ ស្រុង​ស្អាង​ ខេត្ត​កណ្ដាល​ឡើង​វិញ តែ​ត្រូវ​បាន​វិទ្យុអ៊ុនតាក់​ស្រង់​សម្ដី​អំពីទុក្ខ​លំបាកថា៖

“ជួបបងប្អូនមែន​​ តែ​គេមាន​ដីណា​ឲ្យ​យើង​ មានតែ​យើង​ដោះស្រាយ​ខ្លួនឯង​ ហើយ​ខ្ញុំ​សព្វថ្ងៃ​នេះ​ សុំ​ដីគេធ្វើ​ផ្ទះទេ​ណា អត់មាន​ផ្ទះ​ អត់​មាន​ដី​អីទេ គ្រាន់តែ​ថា​ សុំគេធ្វើ​សិន អត់​មាន​គេឲ្យដី​ទេនេះ។ ព្រួយ​ទៅថ្ងៃមុខ​ទៀត​ខ្លាចអត់​នឹង​អី​ហូប កូន​៣-៤នាក់ណោះ​ម្នាក់​ឯង​”។ នេះ​ជាការលើកឡើង​របស់​អ្នក​ស្រី ម៉ឹង យៀន​ ប្រាប់​វិទ្យុអ៊ុនតាក់​។

អំពើ​ហិង្សា​ប្រឆាំង​សហគមន៍​វៀតណាម​ ក៏មាន​លក្ខណៈ​រន្ថើន​ឡើង​ផង​ដែរអំឡុង​មុនការបោះ​ឆ្នោត​។ ជាក់ស្ដែង​របាយការណ៍​មួយ​របស់​វិទ្យុអ៊ុនតាក់​ ចេញ​ផ្សាយ​ថ្ងៃទី​២៥​ខែ​មីនាឆ្នាំ​១៩៩៣ មាន​ខ្លឹមសារ​ដើម​ថា៖

“គេ​បានរកឃើញ​សាកសព​ជនវៀតណាម​ចំនួន​ប្រាំ​នាក់​ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ពីរនាក់​ អាយុ​១០ឆ្នាំ និង​១១ឆ្នាំ​ ត្រូវ​បាន​ធ្វើ​ឃាដ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។ ជនទាំង​ប្រាំ​ត្រុវ​បាន​គេ​បាញ់​សម្លាប់​ដោយកាំភ្លើង​AK-47ក្នុង​ចម្ងាយ​មួយ​ដ៏​ជិត​បំផុត​ រីឯជនទី​៦ គេពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ។ ប្រជាជន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ បាន​និយាយថា​ អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​រឿង​បាញ់​ប្រហារ​នោះ​ គឺ​ទាហាន​នៃ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​”។

អ៊ុនតាក់​បានរាយការណ៍​ថា នៅ​មុន​ការបោះ​ឆ្នោត​ ដោយ​បញ្ហា​កង្វះ​សន្តិសុខ​ បណ្ដាជនវៀតណាម​ច្រើន​ជាង​មួយ​ម៉ឺន​នាក់​ បាន​ធ្វើ​ដំណើរ​ចុះ​តាម​ដង​ទន្លេ​តាមទូក​ដែលគេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង​១ពាន់​ទូក​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ ដើម្បី​ចៀសពីការ​ធ្វើ​ទុក្ខបុកម្នេញ​ ព្រោះ​សូម្បី​តែ​ក្នុង​រដ្ឋធានី​ភ្នំពេញ​នាគ្រា​នោះ​ ក៏​មានសេចក្ដី​រាយការណ៍​អំពីការ​បោកគ្រាប់​បែក​ល​ហាង​កាហ្វេ​ដែល​បណ្ដា​ជនវៀតណាម​និយម​ប្រមូល​ផ្ដុំ​ នៅ​ក្បែរ​ប៉ុស្ដិ៍​ប្រៃសណីយ៍​ធំក្បែរ​វត្តភ្នំដែរ ដែល​បណ្ដាលឲ្យ​មនុស្ស​យ៉ាង​ហោច​២នាក់​ស្លាប់​ និង​របួស​១៦នាក់។​

របាយការណ៍​ផ្ទៃ​ក្នុង​របស់​អ៊ុនតាក់​ ផ្ញើ​ដោយ​លោក​ Steve Heder អនុប្រធាន​ផ្នែកពត៌មាន​និងអប់រំរបស់​អ៊ុនតាក់​ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​អំពាវនាវ​របស់​វិទ្យុ​ខ្មែរ​ក្រហម​ ឲ្យ​ពលរដ្ឋ​និងកងទ័ព​កម្ពុជា​ចេញ​មុខ​សម្លាប់​រង្គាល​ជនជាតិវៀតណាម​ ហើយ​មន្រ្តី​អ៊ុនតាក់​រូប​នេះ​ថែម​ទាំង​បាន​ស្នើក្នុង​របាយការណ៍​ចុះ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​១៩៩៣ដដែល​នេះ​ទៀត​ នូវ​សំណើរហូត​ដល់​ប្រើ​បច្ចេកទេស​បិទខ្ទប់​រំខាន​រលក​សញ្ញាវិទ្យុខ្មែរ​ក្រហម​ទៀត​ផង​ ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើ​ហិង្សា​ពូជសាសន៍​ប្រឆាំង​បណ្ដាជនវៀតណាម​នៅ​កម្ពុជា។​

ព្រឹត្តិការណ៍​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​មួយទៀត​ដែរ ដែល​គេគួរ​រំលឹក​គឺ​ការចុះចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ព្រះអង្គម្ចាស់​ ចក្រពង្ស បុត្រា​បង្កើត​នៃ​សម្ដេច​ព្រះនរោត្តម​សីហនុ។ សម្ដេច​ព្រះ​នរោត្តម​សីហនុ ក៏មាន​បុត្រា​មួយ​អង្គទៀត​គឺ​ ព្រះអង្គម្ចាស់​ រណឬទិ្ធ ដែល​ដឹក​នាំ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដោយ​ឃោសនាយក​ សម្ដេច​សីហនុ ជា​បិតា​ ជាការនាំមុខ។ តាម​ឯកសារ​របស់​អ៊ុនតាក់​ចុះថ្ងៃទី២០ ខែ​ឧសភា ដែល​ចងក្រង​ដោយ​លោក​ស្រី​ Judy Ledgerwood មន្រ្តី​ព័ត៌មានរបស់​អ៊ុនតាក់​ ដែល​បាន​ចូល​រួម​អង្កេត​ការ​ជួប​ជុំ​របស់​គណបក្ស​ប្រជាជន​ក្រោម​អធិបតី​ព្រះអង្គម្ចាស់​ចក្រពង្ស​នោះ​ សែរាជវង្ស​អង្គនេះ​ បាន​ឃោសនា​បន្តុះបង្អាប់​បក្ស​ហ្វ៊ុនស៊ិនប៉ិចនិងបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ថា​មិន​ខុស​អ្វី​ពី​ក្រុម​ខ្មែរ​ក្រហម។ ព្រះអង្គ​ម្ចាស់​ចក្រ​ពង្ស​ ជា​សែ​រាជវង្ស​តែ​មួយអង្គគត់​ ដែល​បាន​ដឹង​ថា​បាន​ចូលរួម​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ខណៈ​សែ​រាជរង្ស​ផ្សេង​ទៀត​ បាន​ចូល​រួម​នឹង​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច។

ការ​ឃោសនា​ប្រឆាំង​​ហ្វ៊ុនស៊ិនប៉ិចដោយ​គណបក្ស​ប្រជាជនកម្ពុជា​មិនមែន​មាន​ជា​ករណី​ដោយឡែក​ៗ​នោះ​ទេ​ តែ​ហាក់​បី​ដូច​ជា​សារ​នយោបាយ​ជា​រួម​របស់​ភាគី​បក្ស​នយោបាយ​គាំទ្រ​ដោយ​រដ្ឋកម្ពុជា​តទល់​នឹង​គូរ​ប្រជែង​ចម្បង​របស់​ខ្លួន​នៅ​ក្នុង​ធុង​ឆ្នោត​។​ របាយការណ៍​ចុះ​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​១៩៩៣ របស់​លោក​ស្រី​  Judy  Ledgerwood ដដែល​ ផ្ញើ​ជូន​ថ្នាក់​លើ​អ៊ុនតាក់​របស់​ខ្លួន​ បាន​សរសេរ​រាយការណ៍​អំពី​ការ​បាច់​ត្រាក់​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពីលើ​ឧត្ថម្ភាគចក្រ​ដែល​មាន​បញ្ចូល​សារ​ប្រឆាំង​​ហ្វ៊ុនស៊ិនប៉ិចដូចជា​ថា ​ហ្វ៊ុនស៊ិនប៉ិចបាន​ចូល​ដៃ​ជាមួយ​ “បនប្រល័យ​ពូជសាសន៍​ប៉ុលពត​តាំង​ពី​ឆ្នាំ​១៩៧៩មក” “បោះឆ្នោត​ឲ្យ​ហ្វ៊ុនស៊ិនប៉ិចគឺ​បោះ​ឆ្នោត​ឲ្យ​ខ្មែរ​ក្រហម​គឺ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​វិល​ត្រលប់​មក​វិញ” “ប្រយ័ត្ន​ដូច​ឆ្នាំ​១៩៧៥”​ ជាដើម។

Young Cambodians and the Paris Peace Agreements: a legacy

The legacy of the 1991 Paris Peace Agreements is a commitment to create and uphold the conditions necessary for the Cambodian people to engage in open, meaningful, and critical debate.

សារ​របស់​​ហ្វ៊ុនស៊ិនប៉ិចក៏​ត្រូវ​បាន​លោក​ស្រី​ Kate Frieson មន្រ្តី​ព័ត៌មាន​ម្នាក់​ទៀត​របស់អ៊ុនតាក់​ ដែល​ចុះ​ទៅ​ខេត្ត​តាកែវ​បាន​កត់​ត្រា​ ក្នុង​កំណត់​ហេតុ​ផងដែរ។ លោក​ស្រី​ Frieson បាន​បរិយាយ​អំពី​ខិត្តបណ្ណ​របស់​​ហ្វ៊ុនស៊ិនប៉ិច ដែលចែក​ចាយ​ក្នុង​ខេត្ត​តាកែវ មាន​រូប​សម្ដេច​ព្រះ​នរោត្តម​ សីហនុ និង​ព្រះអង្គម្ចាស់ រណឬទ្ធិ ជាមួយ​នឹង​សារថា​ “រួបរួម​ជាមួយ​​ហ្វ៊ុនស៊ិនប៉ិចដើម្បី​ដង្ហែ​អង្គ​សម្ដេច​ឪ”។

ទោះ​បី​ជា​មាន​ហិង្សា​នយោបាយ​ ការហែកហួរ​គ្នា ការ​គំរាម​ផ្នែក​សន្តិសុខ​ពី​សំណាក់​ទាហានខ្មែរ​ក្រហម​ ការ​ឃោសនា​នយោបាយ​ប្រើ​វោហាស័ព្ទ​ដុត​បញ្ឆេះ និង​ភាពតានតឹង​ខ្លាំងក្លា​ប៉ុណ្ណា ក៏​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការគ្រោង​ទុក​ ចន្លោះ​ពី​ថ្ងៃទី២៣ខែឧសភា​ ដល់​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​១៩៩៣។

របាយការណ៍​របស់​អ៊ុនតាក់​ និង​សេចក្ដី​រាយកាណ៍​របស់​អ៊ុនតាក់​ បាន​បង្ហាញ​អំពី​ការពុះកញ្រ្ជោលនៃ​ហ្វូង​មនុស្ស​ដ៏​កុះករ​តាម​បណ្ដា​ការិយាល័យ​បោះ​ឆ្នោត​នានា ហើយ​ការ​បោះ​ឆ្នោត​ដែល​មាន​រយៈពេល​៦​ថ្ងៃ​នាគ្រា​នោះ​ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ដល់​ទៅ​៤.២៦៧.១៩២នាក់ ដែល​ស្មើ​នឹង​អត្រា​ ៨៩,៥៦% នៃ​អ្នក​បោះ​ឆ្នោត​សរុប​ដែល​ជា​អត្រា​មួយ​ដ៏​ខ្ពស់។

ជា​លទ្ធផល​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិចបាន​ឈរ​លើ​គេ ដោយ​ទទួល​បាន​សន្លឹក​ឆ្នោត​ប្រមាណ​៤៥%ស្មើ​នឹង​៥៨អសនៈ ដេញ​ពីក្រោយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទទួឡ​បាន​សំឡេង​គាំទ្រ​ជាង​៣៨%ស្មើ​នឹង​៥១អសនៈ ហើយ​បន្ទាប់​ពីនោះ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​៤%ស្មើ​នឹង​១០អសនៈ។

តែ​យ៉ាង​ណាភាគី​គណបក្ស​ប្រជាជនកម្ពុជា​បាន​តវ៉ាមិន​សុខចិត្ត​នឹង​លទ្ធផល​នេះ​ ហើយ​មាន​ក្រុម​ខ្លះ​ក្នុង​គណបក្ស​នេះ​ថែម​ទាំង​បាន​ប្រកាស​ប៉ុនប៉ង​យក​បណ្ដា​ខេត្ត​តាម​បណ្ដោយ​ច្រាំង​ខាង​កើត​នៃ​ទន្លេមេគង្គ​ ជា​តំបន់​អបគមន៍​ថែម​ទៀត​ផង​ ដែល​បាន​បង្ក​ជា​វិបត្តិ​ដ៏​ស្មុគស្មាញ​មួយ​ទៀត​សម្រាប់​ដំណើរ​តួនាទី​របស់​អ៊ុនតាក់​។

ឯកសារ​វិភាគ​ផ្ទៃ​ក្នុង​របស់​អ៊ុនតាក់​ បាន​សាក​ល្បង​ស្វែង​យល់​មូលហេតុ​និង​សាវតា​យុទ្ធសាស្រ្ត​នៃ​ព្រឹត្តិការណ៍​ដ័​តក់ស្លុត​នៃការ​ប៉ុនប៉ង​បង្កើត​តំបន់​ស្វយ័ត​អបគមន៍​នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ​ ដោយ​ព្រះ​អង្គ​ម្ចាស់​ចក្រ​ពង្ស​ និង​លោក​ស៊ិនសុង រដ្ឋមន្រ្តី​មហាផ្ទៃ​របស់​ភាគី​រដ្ឋ​កម្ពុជា​។ ផ្ទុយ​ពី​ការ​ស្មាន​ថា​នេះបង្ហាញ​ពីការ​បែកបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ ​ឯកសារ​វិភាគ​ផ្ទៃ​ក្នុង​ដដែល​បាន​ពន្យល់​អំពី​តម្លៃ​យុទ្ធសាស្រ្ត​នូវ​អ្វី​ដែល​គេ​បរិយាយថា​ជា “មូលដ្ឋាន​បង្អែក” ដែល​ទំនង​ជា​ត្រូវ​បានគូស​វាស​ចន្លោះ​ពីឆ្នាំ​១៩៨៨ដល់​ឆ្នាំ​១៩៩០ ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ដែល​នៅ​ក្រោយ​ឆាក ដូច​មាន​សមាជិក​ការិយាល័យ​នយោបាយ​ លោកប៊ូថង​ជា​ដើម។ ការ​រៀប​ចំមូលដ្ឋាន​បង្អែក​នេះ​ បើ​យោង​តាម​ការ​វិភាគ​របស់​អ៊ុនតាក់​ ធ្វើ​ឡើង​ត្រៀម​ទុក​សម្រាប់​សេរីយោពីរ​ គឺ​ទី​មួយ​ទុក​បម្រុង​ទឹក​ដី​ដើម្បី​កសាង​កម្លាំង​ឡើង​វិញ ក្នុង​ករណី​រដ្ឋ​កម្ពុជា​បាត់​បង់​ម្ចាស់​ការ​ផ្នែក​យោធា ពេល​កងទ័ព​វៀតណាម​ដកចេញ​នៅ​ឆ្នាំ​១៩៨៩ និង​ទី​ពីរ​ទុក​បម្រុង​ទឹក​ដី​ ដើម្បី​ជា​ភូមិ​សាស្រ្ត​ឈរជើង​ក្នុង​ករណីនៃ​ការ​ចាញ់​ឆ្នោត​និង​បាត់​បង់​ម្ខាស់​ការ​រដ្ឋបាល​នយោបាយ​នៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។

តែ​នៅ​ទី​បំផុត​ទៅ​ កិច្ច​សម្រប​សម្រួល​នយោបាយ​បាន​ប្រព្រឹត្ត​ឡើង​រវាង​បក្ស​ឈ្នះ​ឆ្នោត​នានា ហើយ​ការ​អនុវត្ត​សកម្មភាព​អបគមន៍​នៅ​ភាគ​ខាង​កើត​ទន្លេមេគង្គ​ ក៏​បាន​ទទួល​បរាជ័យ​។ សមាជិក​សភា​ធម្មនុញ្ញ​ទាំង​១២០​រូប​ត្រូវ​បាន​កោះ​ទៅ​ស្បថ​នៅ​ព្រះ​បរមរាជ​វាំង​ ហើយ​ដំណើរ​ការ​តាក់​តែង​រដ្ឋធម្មនុញ្ញ​ក៏​បាន​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃទី​១ខែកក្កដា​ រហូតដល់​ថ្ងៃទី​១៨​ខែ​សីហា មុន​នឹង​ត្រូវ​បាន​ឡាយ​ព្រះហត្ថ​លេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ។ ពីពេល​នោះ​មក​ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មួយត្រូវ​បាន​បង្កើត​ឡើង​វិញ​ ដឹកមុខ​ដោយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​ សិទ្ធិ​ សេរីភាព របស់​ពលរដ្ឋ។​

ភាព​រីករាយ​មុន​នឹង​បិទ​បញ្ចប់​បេសកម្ម​របស់​អ៊ុនតាក់​នោះ​ ហាក់​ពុំ​មានការ​ដឹង​ឡើង​ថា​ទិស​ដៅ​អនាគត​របស់​ប្រទេស​នឹង​តម្រង់​ទៅ​ច្រក​ណា។ ទំនង​គ្មាន​នរណា​រំពឹង​ថា​កង​កម្លាំង​ដែល​ស្មោះ​ស្ម័គ្រ​នឹង​សហនាយក​រដ្ឋមន្រ្តី​ទាំង​ពីរ​នៃ​រដ្ឋាភិបាល​ក្បាល​ពីរ​ នឹ​ងពើប​ប្រយុទ្ធ​គ្នា​កណ្ដាល​រាជធានី​ភ្នំពេញ នា​ខែ​កក្កដាឆ្នាំ​១៩៩៧។ ទំនង​គ្មាន​នរណា​រំពឹង​នោះ​ទេ​ថា​៣០​ឆ្នាំ​ក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​សន្យា​នាំមក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ​ បាន​ប្រែ​ជា​ការ​គ្រប់​គ្រង​ផ្ដាច់​មុខ​ស្ទើ​រតែ​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

More on Cambodia

Cambodian workers need employment security and freedom from fear

...garment employers regularly used COVID-19 as a pretext to target union members. The pandemic has been weaponised to get rid of trade unions.

Cambodia, Laos and their contribution to a new era in Southeast Asian security cooperation

With Cambodia and Laos loyal allies of China, Southeast Asia needs a new approach to security cooperation.

The Cambodia dilemma: foreign affairs and human rights in tension

Instead of implementing tough trade restriction measures that affect ordinary Cambodians, the EU and US should reconsider its approach to engaging Cambodia on human rights.